ការបញ្ជ្រាប AI ទៅក្នុងវិស័យអប់រំ

ក្រសួងអប់រំផ្តើមបញ្ជ្រាបបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធអប់រំ

‎រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សាលារៀនជំនាន់ថ្មី បានរៀបចំបទបង្ហាញស្ដីពីការប្រើប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្ប‌‎និម្មិត (AI) សម្រាប់ការបង្រៀន និងរៀន នៅវិទ្យាល័យព្រែកលៀប ជូនដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រោម‌‎អធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ អ៊ុង បូរ៉ាត់។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់ក្រុមការងារ និងលោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់ស្រាវជ្រាវ ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការងារបង្រៀន និងរៀន។ ឯកឧត្តមបានបន្ថែមថា ពិភពលោកបច្ចុប្បន្នកំពុងវិវត្តទៅមុខ ហេតុនេះយើងចាំបាច់ត្រូវបង្កើ្តតគោលនយោបាយដើម្បីតម្រង់ទិសដៅ និងផែនការសកម្មភាពសម្រាប់ការអនុវត្តបានច្បាស់លាស់។ ឯកឧត្ដម បានផ្តល់អនុសាសន៍ថា ជំហានដំបូងគួរប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រជាមុនសិន។ ក្នុងនាមជាគ្រូបង្រៀនចាំបាច់ត្រូវបន្តសិក្សាស្រាវជ្រាវ ដើម្បីធានាបាននូវការបង្រៀនប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងបានដាក់ចេញនូវស្តង់ដាសាលារៀនគំរូ ទន្ទឹមនឹងនោះគឺការបញ្ជ្រាបបច្ចេកវិទ្យា AI ក្នុងការបង្រៀន ដោយជំហានដំបូងបានអនុវត្តនៅសាលារៀនជំនាន់ថ្មី និងវិទ្យាស្ថានចំនួន៣។
ដោយឡែក លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល បានលើកឡើងថា សាលារៀនជំនាន់ថ្មីបានជ្រើសរើសគ្រូដែលមានសមត្ថភាពសម្រាប់អនុវត្តការងារនេះ។ លោកប្រធាន បានកោតសរសើរចំពោះសិស្សានុសិស្សដែលមានសមត្ថភាពអាចប្រើប្រាស់បច្ចេកវិទ្យា AR ។ បច្ចុប្បន្នគោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស ដែលទាមទារជាចាំបាច់នូវធនធានបន្ថែម និងថវិកាសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងប្រព័ន្ធអប់រំ។
លោក អ៊ុល រុន ប្រធានប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មីបានលើកឡើងថា ខាងកម្មវិធីបាននឹងកំពុងប្រមូលផ្ដុំឯកសារមកពីច្រើនប្រភពដើម្បីត្រៀមនឹងរៀបចំជាគោលការណែនាំសម្រាប់ការប្រើប្រាស់ បញ្ជ្រាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទៅក្នុងការអប់រំ ដើម្បីដាក់ជូនទៅថ្នាក់ដឹកនាំ ហើយការបង្ហាញជូនពីសំណាក់លោកគ្រូ អ្នកគ្រូលើការប្រើប្រាស់ AI លើការបង្រៀនរបស់ពួកគាត់គឺកើតចេញពីបទពិសោធន៍ផ្ទាល់របស់ពួកគាត់សម្រាប់សកម្មភាពបង្រៀន និងរៀនប្រចាំថ្ងៃផងដែរ។
សូមជម្រាបកម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីអភិវឌ្ឍគោលការណ៍ណែនាំ AI ក្នុងការអប់រំនៅកម្ពុជា ដែលនឹងអនុវត្តនៅក្នុង‌‎ប្រព័ន្ធអប់រំនាពេលអនាគត។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញជូនថ្នាក់ដឹកនាំ ព្រមទំាងអ្នកពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មន្ត្រីកម្មវិធី‌‎ដែលមានបទពិសោធន៍ប្រើប្រាស់បញ្ញាសិប្បនិម្មិតផ្ទាល់ លើប្រធានបទមួយចំនួនដូចជា ការប្រើប្រាស់ AI ក្នុងការ‌‎រៀបចំខ្លឹមសារមេរៀននៅលើវេទិកា AI ការបង្កើតកិច្ចតែងការបង្រៀន បង្កើតសន្លឹកកិច្ចការ រៀបចំការ‌‎ពិសោធន៍ ការដោះស្រាយលំហាត់ ការបង្កើតសំណួរ ចម្លើយ ការបង្កើតកិច្ចការគម្រោង ក្បួនខ្នាតនៃការប្រើប្រាស់ AI ការបង្កើតវីដេអូមានចលនា ការធ្វើបទបង្ហាញរបស់សិស្ស‌‎អំពីការបញ្ចូលបច្ចេកវិទ្យា AR និង VR ដើម្បីបង្កើតជាសៀវភៅ ដែលមានលក្ខណៈទាក់ទាញ និងរស់រវើក៕
១៩ កក្កដា ២០២៤ | រាជធានីភ្នំពេញ
#MoEYS Cambodia #NGS #AI For Education
 
Comments