សន្និសីទអន្តរជាតិស្ដីពីសាលារៀនស្វយ័ត ជាគន្លឹះដើម្បីកំណែទម្រង់ការអប់រំ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិស្ដីពីសាលារៀនស្វយ័ត ជាគន្លឹះដើម្បីកំណែទម្រង់ការអប់រំ ដែលមានការអញ្ជើញចូលរួមពីសំណាក់ Dr. Sounieng, Director of the Faculty of Education at the National University of Laos , Dr. Wichian Chaiyabang, Director of the Lamplaimat Patana Foundation and one of the best-known educators in Thailand , Mr. Vignesh Naidu, Director of the HEAD Foundation in Singapore។
Mr. Kurt Bredenberg, Senior Technical Adviser ,Kampuchea Action to Promote Education (KAPE) និងតំណាងមកពីសាលាជំនាន់ថ្មី វិទ្យាល័យ ហ៊ុន សែន ព្រែកលៀប វិទ្យាល័យព្រះស៊ីសុវត្ថិជំនាន់ថ្មី វិទ្យាល័យ ហ៊ុន សែន កំពង់ចាម វិទ្យាល័យ ព្រែកអញ្ចាញ និងវិទ្យាល័យ ពាមជីកង។
សន្និសីទអន្តរជាតិនេះរៀបចំឡើងក្នុងគោលបំណងផ្តោតសំខាន់លើការសិក្សាពីរបៀបដែលសាលាស្វយ័តចូលរួមលើកកម្ពស់កំណែទម្រង់វិស័យអប់រំ មិនថាតែនៅកម្ពុជាប៉ុណ្ណោះទេ គឺទូទាំងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការចែករំលែកបទពិសោធន៍ ព័ត៌មាន ដែលធ្វើឱ្យសាលាស្វយ័តដំណើរការបានល្អ និងរបៀបនៃការដោះស្រាយបញ្ហាប្រឈមនានា។
ក្នុងឱកាសនេះដែរ លោក KURT BREDENBERG ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) បានមានប្រសាសន៍ថា៖ តាមរយៈសន្និសីទថ្ងៃនេះ លោកសង្ឃឹមថា ប្រទេសដែលកំពុងអនុវត្តកម្មវិធី សាលាស្វយ័ត ដូចជា សិង្ហបុរី ថៃ ឡាវ និងកម្ពុជា អាចរួមគ្នាសម្រេចរៀបចំបង្កើតឱ្យមានលេខាធិការដ្ឋានអចិន្ត្រៃយ៍មួយ ដែលមានឈ្មោះថា NGS International។ លេខាធិការដ្ឋាននេះនឹងផ្តល់នូវបណ្តាញសម្រាប់ការចែករំលែកព័ត៌មាន ការសិក្សាស្រាវជ្រាវ និងការបោះពុម្ពផ្សព្វផ្សាយ ដំណើរទស្សនកិច្ច ឱកាសទទួលបានជំនួយ និងការរៀបចំសន្និសីទដូចនេះថែមទៀត។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា៖ រដ្ឋាភិបាលកម្ពុជាពិតជាមានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំសន្និសីទអន្តរជាតិស្ដីពី សាលារៀនស្វយ័តជាគន្លឹះដើម្បីកំណែទម្រង់ការអប់រំ និងចូលរួមចែករំលែកបទពិសោធន៍ក្នុងការអនុវត្ត គំនិតផ្តួចផ្តើមបង្កើតសាលារៀនជំនាន់ថ្មី (NGS) និងសិក្សាបទពិសោធន៍ពីប្រទេសដទៃដើម្បី បន្តជំរុញការអនុវត្តកម្មវិធីនេះកាន់តែប្រសើរ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា បច្ចុប្បន្ននៅប្រទេសកម្ពុជា មានសាលារៀនជំនាន់ថ្មីចំនួន ១១ រួចមកហើយ។ ដូចនេះ ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡា នឹងព្យាយាមពង្រីកសាលារៀនជំនាន់ថ្មីបន្ថែមទៀត ។
បន្ថែមពីនេះទៀត យោងតាមបទពិសោធន៍រយៈពេល ០៨ ឆ្នាំ មកនេះ យើងសង្កេតឃើញថា កំណែទម្រង់សាលារៀនជំនាន់ថ្មី អាចសម្រេចទៅបាន ត្រូវផ្អែកជាសំខាន់ទៅលើការអនុវត្តវិធីសាស្ត្របង្រៀនសម្បូរបែប ការកែលម្អអភិបាលកិច្ច ការវាយតម្លៃដោយយុត្តិធម៌ (Fair Assessment) និងតម្លាភាពក្នុងការបង្រៀន។
២៨ កញ្ញា ២០២៣ | រាជធានីភ្នំពេញ៕
#MoEYS Cambodia