នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៣ នៅសាលប្រជុំនៅសាលប្រជុំ វិទ្យាល័យជំនាន់ថ្មី ព្រែកលៀប រាជធានីភ្នំពេញ កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ ដែលចាប់ផ្ដើមនៅម៉ោង ៨ព្រឹក ដោយមានការចូលរួមដ៏ខ្ពស់ពីប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ឯកឧត្តម ឡោ ឆវណ្ណា និងសមាជិក សមាជិកា លោក ហិន ស៊ីមហួន លោក អ៊ុល រុន ថ្នាក់ដឹកនាំអង្គការខេប ប្រធានក្រុមដឹកនាំ កម្មវិធី មន្ត្រីជំនាញ ព្រមទាំងគណនាយកមកពីតាមបណ្ដាសាលារៀនជំនាន់ថ្មីផងដែរ។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម ឡោ ឆវណ្ណា ដែលជាប្រធាននៃក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ បានមានមតិស្វាគមន៍នៃអង្គពិធី និងសួរសុខទុក្ខសមាជិក សមាជិកា និងអ្នកចូលរួមទាំងអស់ និងបង្ហាញពីគោលបំណងនៃកិច្ចប្រជុំ។
បន្ទាប់មកមានបទបង្ហាញពីរបាយការណ៍វឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២២-២០២៣ របស់ពីរសាលាគឺ៖
- វិទ្យាលយ័ ព្រែកលៀប រាជធានីភ្នំពេញ
- វិទ្យាល័យ អគ្គមហាធម្មពោធិសាលជាស៊ីម ព្រែកអញ្ជាញ ខេត្ត កណ្តាល
និង មានរបាយការណ៍សុំការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាស្តីអំពីការពង្រីក និងជ្រើសរើសសាលារៀនជំនាន់ថ្មី ២ ទៀតនៅឆ្នាំ២០២៤ ដោយប្រើថវិកាកាត់បន្ថយពីសាលារៀនជំនាន់ថ្មីចាស់មកឧបត្ថម្ភសកម្មភាពសាលារៀនថ្មី ដោយលោក អ៊ុល រុន ប្រធានប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី។
ក្រោយពីធ្វើបទបង្ហាញទាំងបីខាងលើ អង្គពិធីបានលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗដែលកម្មវិធីសាលារៀនជំនាន់ថ្មីកំពុងជួបប្រទះដើម្បីយកមកពិភាក្សារួមរកដំណោះស្រាយដែលល្អមួយដែលសមស្រប និងអាចទទួលយកបាន យកមកអនុវត្តបន្តដើម្បីឱ្យគម្រោងកាន់តែមានដំណើរការល្អប្រសើរថែមទៀត។
ក្រោយពីពិភាក្សាគ្នាលើបញ្ហាប្រឈមរួចរាល់បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្នបានឡើងបង្ហាញពីរបាយការណ៍វឌ្ឍនភាពកម្មវិធីនៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យសាលារៀនជំនាន់ថ្មី NGPRC ឆ្នាំ២០២២-២៣ (លទ្ធផលនៃការអនុវត្តកម្មវិធីសកម្មភាព) និងសំណូមពរទៅកាន់ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិទាក់ទងនឹងការស្នើរសុំតម្លើងក្របខណ្ឌជូនដល់គ្រូប្រឹក្សាគរុកោសល្យដែលបានបញ្ចប់ដោយជោគជ័យនៅមជ្ឈមណ្ឌលគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ និងរបាយការណ៍ស្តីពីលទ្ធផលវាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីសាលារៀនជំនាន់ថ្មី និងពិភាក្សាសម្រេចផ្តល់វិញ្ញាបនបត្រជូនសាលារៀនសម្រាប់ឆ្នាំសិក្សា ២០២៣ ដោយលោក ផាន់ ប៊ុនណាត គណកម្មការវាយតម្លៃទទួលស្គាល់គុណភាពសាលារៀនជំនាន់ថ្មី។
ជាចុងក្រោយឯកឧត្តម ឡោ ឆវណ្ណាបានឡើងមានមតិផ្ដល់ជាអនុសាសន៍ដើម្បីឱ្យការអនុវត្តកម្មវិធីជំនាន់ថ្មី កាន់តែមានប្រសិទ្ធិភាព និងថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ដែលបានលើកឡើង ផ្ដល់ជាគំនិត និងចូលរួមក្នុងការដោះស្រាយបញ្ហាដែលបានជួបប្រទះកន្លង និងស្នើឱ្យមានការចូលរួម ផ្ដល់ដំណឹងជាមុនឱ្យបានច្បាស់លាស់រាល់សំណើរទាំងឡាយដែលពាក់ព័ន្ធនឹងក្រុមប្រឹក្សាភិបាលដើម្បីបានឆ្លើយតបបានទាន់ពេលវេលា។
កិច្ចប្រជុំត្រូវបានបញ្ចប់នៅម៉ោង ១២ ថ្ងៃត្រង់ ក្រោមបរិយាកាសរីករាយ និងយកចិត្តទុកដាក់។