វគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់វ៉េបសាយសាលារៀនជំនាន់ថ្មី

នាថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក នៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន កំពង់ចាម កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីមួយស្ដីពីការប្រើប្រាស់វ៉េបសាយសាលារៀនជំនាន់ថ្មី (NGS Website) ក្រោមការសម្របសម្រួលរបស់លោក ជិន ភិរុណ លោក ឈួន តារា លោក ខេវិនក្រុមការងារ ICT នៅអង្គការខេប និងមានការចូលរួមពីសំណាក់គណនាយក លោកគ្រូ អ្នកគ្រូ ដែលអញ្ជើញមកពីបណ្ដាសាលារៀនជំនាន់ថ្មីទាំង៩ រួមមាន វិទ្យាល័យព្រែកលៀប វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ វិទ្យាល័យ ហ៊ុន សែន ពាមជីកង វិទ្យាល័យ ហ៊ុន សែន កំពង់ចាម វិទ្យាល័យ គោកព្រីង បឋមសិក្សា អនុវត្តន៍កំពង់ចាម បឋមសិក្សា អង្គរបាន និងបឋមសិក្សា អគ្គមហេសី និងបឋមសិក្សា ស្វាយព្រហូត សរុបអ្នកចូលរួមចំនួន ២៩នាក់។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បី៖

  • ស្វែងយល់ពីវ៉េបសាយរបស់សាលារៀនជំនាន់ថ្មី
  • ស្វែងយល់ពីវិធីបង្ហោះព័ត៌មាន ឯកសារចូលទៅក្នុងវ៉េបសាយ
  • អនុវត្តប្រើប្រាស់វ៉េបសាយរបស់សាលានីមួយៗឱ្យសកម្ម
  • និង ស្វែងយល់ពីការរចនាអត្ថបទ ឬ រូបភាព មុននឹងបង្ហោះចូលទៅក្នុងវ៉េបសាយ

នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរក៏មានការធ្វើបទបង្ហាញ ពីគន្លឹះជាច្រើនក្នុងការប្រើប្រាស់វ៉េបសាយ និងមានការអនុវត្តដោយផ្ទាល់ពីសំណាក់អ្នកចូលរួមទាំងអស់ ព្រមទាំងមានការជជែកដេញដោល សួរសំណួរ និងការបកស្រាយពន្យល់លំអិតបន្ថែមផងដែរ។

កម្មវិធីត្រូវបានបញ្ចប់នៅម៉ោង ៥ ល្ងាចក្រោមបរិយាកាសរីករាយ និងយកចិត្តទុកដាក់ជាទីបំផុត។

Comments