កិច្ចប្រជុំ​អង្គ​វិបស្សនា កម្មវិធី​សាលារៀន​ជំនាន់​ថ្មី ស្ដីពី ការ​ដោះស្រាយ​បញ្ហា​ប្រឈមសម្រាប់អនាគត

កំពង់ចាម៖ កិច្ចប្រជុំ​អង្គ​វិបស្សនា កម្មវិធី​សាលារៀន​ជំនាន់ថ្មី ស្ដីពី ការ​ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​អនាគត
កាលពីថ្ងៃទី ១៦-១៧ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំអង្គវិបស្សនាមួយស្ដីពី ការដោះស្រាយបញ្ហាប្រឈមសម្រាប់អនាគត ដែលបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំសាលារៀនជំនាន់ថ្មីវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ។ សមាសភាពអ្នកចូលរួមសរុបមានចំនួន ៤៣ រួមមាន៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត មន្ត្រីកម្មវិធី និងដៃគូអប់រំពាក់ព័ន្ធផ្សេងៗ។
អង្គវិបស្សនានេះ មានគោលបំណងដើម្បីពិនិត្យឡើងវិញនូវស្ថានភាពកំណែទម្រង់សាលារៀនជំនាន់ថ្មីរហូតមកដល់បច្ចុប្បន្ន ក្នុងការកំណត់បញ្ហាប្រឈមដែលកំពុងបន្តទៅមុខ និងដើម្បីកំណត់ផ្លូវសម្រាប់ការពង្រីកនាពេលអនាគត។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា “កម្មវិធីសាលារៀនជំនាន់ថ្មី គឺជាបន្ទប់ពិសោធន៍នៃកំណែទម្រង់វិស័យអប់រំ ដើម្បីបណ្តុះធនធានមនុស្សដើរឱ្យទាន់សម័យឌីជីថល ពីព្រោះសិស្សានុសិស្សមានឧបករណ៍សិក្សាគ្រប់គ្រាន់ដើម្បីសិក្សាស្រាវជ្រាវ និងបានអនុវត្តន៍ផ្ទាល់ ដូចជា មានក្លឹបសិក្សាតាមមុខវិជ្ជា ការសរសេរកូដ ការងារគម្រោង ជាពិសេសលើកកម្ពស់ការបង្រៀន និងរៀនបែបស្ទែម”។
អង្គវិបស្សនានេះ ផ្តោតសំខាន់ទៅលើវិសាលភាពបច្ចុប្បន្នកម្មវិធីសាលារៀនជំនាន់ថ្មី ការវិនិយោគ អ្នកទទួលផលពីកម្មវិធី សមិទ្ធផលសំខាន់ៗដែលសម្រេចបាន និងបញ្ហាប្រឈមដែលកំពុងជួបប្រទះ។
ជាលទ្ធផល កម្មវិធីសាលារៀនជំនាន់ថ្មីនឹងរៀបចំយុទ្ធសាស្ត្រក៏ដូចជាផែនការបន្ត ដើម្បីឱ្យការអនុវត្តន៍កម្មវិធីនៅតាមសាលារៀនទទួលបានការអប់រំប្រកបដោយគុណភាព៕
Comments