វគ្គបណ្ដុះបណ្ដាលស្ដីពី Observic សម្រាប់សាលារៀនជំនាន់ថ្មី

កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំប្រើប្រាស់ទម្រង់មួយឈ្មោះថា Observic សម្រាប់សាលារៀនជំនាន់ថ្មីកម្រិតវិទ្យាល័យបានប្រើប្រាស់ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយគ្រូបង្រៀន ទៅលើកិច្ចការបង្រៀនរបស់គាត់ឱ្យកាន់តែមានភាពល្អប្រសើរ និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀតទៅលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំ មិនត្រឹមតែប៉ុណ្ណោះ មិនត្រឹមតែគ្រូនៅក្នុងសាលាមួយប៉ុណ្ណោះទេដែលទទួលបានការត្រួតពិនិត្យ ផ្ដល់យោបល់ពីគណៈគ្រប់គ្រង ប្រធានក្រុមបច្ចេកទេស គ្រូប្រឹក្សាគរុកោសល្យនៅក្នុងសាលារបស់ខ្លួន គឺគ្រូអាចទទួលបានមតិត្រឡប់ គំនិតយោបល់ល្អពីអ្នកមានបទពិសោធន៍នៅក្នុងបណ្ដាញសាលាជំនាន់ថ្មីទាំងមូលតែម្ដង (ការប្រឹក្សាឆ្លងសាលា)។ ហើយអ្វីដែលពិសេសខ្លាំងជាងនេះទៅទៀត រាល់វីដេអូល្អៗគឺត្រូវបានរក្សាទុកក្នុង «ការអនុវត្តល្អ» សម្រាប់ចែករំលែកទៅកាន់លោកគ្រូ អ្នកគ្រូផ្សេងទៀតដើម្បីយកជាបទពិសោធន៍ អនុវត្តតាម ឬច្នៃប្រឌិតឱ្យកាន់តែប្រសើរជាងនេះទៅទៀត។

តើអ្វីទៅជាកម្មវិធី Observic?

កម្មវិធី Observic គឺជាប្រព័ន្ធផ្ដល់ព័ត៌មានត្រឡប់លើការអនុវត្តការរៀន និងបង្រៀនពីចម្ងាយ និងចែករំលែកការអនុវត្តល្អៗដោយភាពងាយស្រួល។ កម្មវិធី Observic ជំនួសឱ្យការវាយតម្លៃផ្ទាល់ (ទល់មុខគ្នា) ហើយសន្សំសំចៃពេលវេលា និងថវិកា ទៅលើការបណ្តុះបណ្តាល ការបង្វឹក ការផ្ដល់ប្រឹក្សាគរុកោសល្យ ការអនុលោមតាម ការធានាគុណភាព និងការជ្រើសរើសបុគ្គលិក។ កម្មវិធី Observic ផ្ដល់នូវដំណោះស្រាយការវាយតម្លៃសមត្ថភាពបែបឌីជីថលទៅលើការរៀនសូត្រ ដោយវាយតម្លៃពីចម្ងាយ និងធានាបាននូវគុណភាព។ លើសពីនេះទៀត នៅពេលភស្តុតាងនៃការអនុវត្តល្អត្រូវបានថតយក កម្មវិធី Observic អាចផ្សព្វផ្សាយការអនុវត្តល្អទាំងនោះដល់សិស្សទាំងអស់នៅក្នុងប្រព័ន្ធ ដើម្បីបំពេញបន្ថែម និងធ្វើជាគំរូដល់ការបណ្តុះបណ្តាលរបស់ពួកគេ។

តើហេតុអ្វី យើងប្រើកម្មវិធី Observic?

បទពិសោធន៍ការបណ្តុះបណ្តាលណាមួយ មិនថានៅកម្រិតណា ឬក្នុងវិស័យអ្វីនោះទេ គឺមានពីរផ្នែក។ ផ្នែកទាំងនេះផ្ដោតយ៉ាងសាមញ្ញទៅលើ៖

  • នេះជារបៀប… (ការបណ្តុះបណ្តាល)
  • ឥឡូវនេះសូមបង្ហាញខ្ញុំពីរបៀបដែលអ្នកអាចធ្វើបានល្អ … (ការវាយតម្លៃសមត្ថភាព)

បច្ចេកវិទ្យាឌីជីថលធ្វើឱ្យការបណ្តុះបណ្តាលមានភាពងាយស្រួល អាចប្រើប្រាស់បាន និងចំណាយតិច ប៉ុន្តែកម្មវិធីភាគច្រើនផ្តោតលើការផ្តល់ការបណ្តុះបណ្តាល ជាជាងការវាយតម្លៃសមត្ថភាព។

ទិដ្ឋភាពរួមនៃកម្មវិធី Observic៖

  • ថតការរៀន-បង្រៀនជាវីដេអូ ឬសំឡេង ឬភ្ជាប់ជាឯកសារ
  • បង្ហោះឯកសារមីឌៀចូលទៅក្នុងកម្មវិធី Observic ដោយភ្ជាប់ឯកសារផ្សេងៗតាមតម្រូវការ
  • សិស្ស សហសេវិក អ្នកគ្រប់គ្រងផ្ទាល់ គ្រូឧទ្ទេស គ្រូបង្វឹក អ្នកវាយតម្លៃ គ្រូប្រឹក្សាគរុកោសល្យ ផ្ដល់ព័ត៌មានត្រឡប់លើមីឌៀនោះ
  • លទ្ធផលនៃព័ត៌មានត្រឡប់បានផ្តល់ត្រឡប់ទៅអ្នកសិក្សា (អ្នកទទួលព័ត៌មានត្រឡប់) វិញ និងប្រមូលផ្តុំទៅក្នុងរបាយការណ៍
  • នៅក្នុងបណ្ណាល័យការអនុវត្តល្អ បុគ្គលិកទាំងអស់អាចយកប្រើប្រាស់ជាប្រភពនៃគំនិត និងការបណ្តុះបណ្តាល
  • ការអនុវត្តល្អត្រូវបានកំណត់អត្តសញ្ញាណដើម្បីរក្សាទុកជាខ្លឹមសារបណ្តុះបណ្តាលដែលបង្កើតដោយអ្នកប្រើប្រាស់
  • ធ្វើរបាយការណ៍ទិន្នន័យសម្រាប់ការងារប្រឹក្សាគរុកោសល្យ ការត្រួតពិនិត្យជួយ ការវាយតម្លៃ និងសវនកម្ម

ហេតុផលដែលនាំទៅដល់ការវិនិយោគលើការប្រឹក្សាគរុកោសល្យគឺផ្អែកលើគំរូ ៧០២០១០ 

ការបណ្ដុះបណ្ដាលកម្មវិធី Observic នេះត្រូវរៀបចំឡើងដោយអង្គការខេប ក្រោមការសម្របសម្រួលរបស់លោក អ៊ុល រុន ជាទីប្រឹក្សាជាតិជាន់ខ្ពស់ និង ជាប្រធានប្រតិបត្តិកម្មវិធីសាលារៀនជំនាន់ថ្មី និងលោក ជិន ភិរុណ ជាប្រធានក្រុមដឹកនាំ ICT ប្រចាំគម្រោងសាលារៀនជំនាន់ថ្មី សម្រាប់ ៥ សាលារៀនជំនាន់ថ្មីរួមមាន៖
១. វិទ្យាល័យ ព្រែកលៀប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ដែលមានគណនាយក អ្នកសម្របសម្រួល លោកគ្រូ អ្នកគ្រូ សរុបចំនួន ៨៦នាក់។

  

២. វិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជាស៊ីម ព្រែកអញ្ចាញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដែលមានគណនាយក អ្នកសម្របសម្រួល លោកគ្រូ អ្នកគ្រូ សរុបចំនួន ៨៣នាក់។

 

៣. វិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដែលមានគណនាយក អ្នកសម្របសម្រួល លោកគ្រូ អ្នកគ្រូ សរុបចំនួន ៦៤នាក់។

 

៤. វិទ្យាល័យ ហ៊ុន សែន កំពង់ចាម នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដែលមានគណនាយក អ្នកសម្របសម្រួល លោកគ្រូ អ្នកគ្រូ សរុបចំនួន ៤៣នាក់។

៥. វិទ្យាល័យ ហ៊ុន សែន ពាមជីកង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ដែលមានគណនាយក អ្នកសម្របសម្រួល លោកគ្រូ អ្នកគ្រូ សរុបចំនួន ៦៧នាក់។

 

ចំពោះខ្លឹមសារលម្អិតទាក់ទងនឹងកម្មវិធី Observic អាចទស្សនាវីដេអូខាងក្រោម​៖

 

Comments